នគរបាល​កំពុង​សាកសួរ​មន្ត្រី​នគរបាល​ម្នាក់​​ ដែល​ថត​កាំភ្លើង​បង្ហោះ​តាម​ហ្វេសប៊ុក

កំពង់ចាមៈ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ទៅ​លើ​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់​ក្រោយពី​បាន​ឃាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ​ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​បន្ទាប់ពី​ជន​នេះ​បាន​ថត​អាវុធ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​ខ្លួន​។
Content image - Phnom Penh Post
លោក ហេង វុទ្ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក លី វណ្ណៈ អាយុ​ ២៧ ​ឆ្នាំ​ជា​មន្ត្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ​មាន​ទីលំនៅ​ភូមិ ១ សង្កាត់​បឹងកេងកង ខណ្ឌ​ចំការមន ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ព្រៃឈរ ចាប់​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង ១០ ​យប់​ថ្ងៃ​ពុធ ទី​ ១៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ នៅ​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន​ក្រោយ​ពី​ធ្វើការ​ឆែកឆេរ​រកឃើញ​អាវុធ​វែង-ខ្លី ចំនួន​ ២ ​ដើម​ដែល​គ្មាន​លិខិត​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅក្នុង​រថយន្ត​។
លោក​បន្ត​ថា​នៅ​ពេល​សាកសួរ​កាលពី​យប់​ថ្ងៃ​ពុធ​លោក លី វណ្ណៈ ​បាន​ឆ្លើយ​ដោះសា​ថា អាវុធ​ទាំង​នេះ​ជា​របស់​បងប្រុស​របស់​គាត់​ឈ្មោះ ហាក់ ប៉េងឃីម អាយុ​ ៣៤ ​ឆ្នាំ​ជា​មន្ដ្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​គាត់​បាន​ផ្លាស់ប្ដូរ​ចម្លើយ​ដោយ​ប្រាប់​ថា​អាវុធ​ទាំងនោះ​ជា​របស់​មិត្តភក្ដិ​របស់​គាត់​ម្នាក់​ទៀត​ដែល​ជា​មន្ត្រី​នគរបាល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ផង​ដែរ​។
លោក​ វុទ្ធី បញ្ជាក់​ថា​៖ «​នៅពេល​នេះ​លោក លី វណ្ណៈ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ពី​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​យើង បន្ទាប់ពី​ចម្លើយ​របស់​គាត់​មាន​ភាព​ប្រែប្រួល និង​ក្រោយ​ពី​មន្ត្រី​យើង​បាន​ធ្វើ​តេស្ត​ទឹកនោម​របស់​គាត់ រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​»​។
លោក កែវ សេងហ៊ន អធិការ​ស្រុក​ព្រៃឈរ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​មន្ត្រី​រូប​នេះ​បាន​ថត​រូបភាព​អាវុធ​វែង​-​ខ្លី ដាក់​នៅ​លើ​តាប្លូកាប៊ីន​រថយន្ត​ច្រងេង​ច្រងាង បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​មាន​ឈ្មោះ Kongkia VS ដោយ​ភ្ជាប់​ជាមួយ​នឹង​សារ​ប្រាប់​ទៅ​មិត្តភក្តិ​របស់​គាត់​ថា កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ស៊ីការ​គេ​នៅ​ខេត្ត​កំពង់ចាម​ដែល​បង្ក​ឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​។
លោក​ សេងហ៊ន និយាយ​ថា​ក្នុង​ប្រតិបត្តិការ​ចាប់​ឃាត់​ខ្លួន​លោក លី វណ្ណៈ នា​យប់​ថ្ងៃ​កើត​ហេតុ​នោះ​ក្រុម​កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ដែល​រួម​សហការ​ដោយ​ក្រុម​កម្លាំង​នគរបាល​ស្រុក​ព្រៃឈរ បាន​រឹបអូស​វត្ថុតាង​រួមមាន​រថយន្ត​ម៉ាក Rang Rover ពណ៌​ខ្មៅ​ ១ ​គ្រឿង​ពាក់​ស្លាក​លេខ 2U-0199 អាវុធ Ak-47 មួយ​ដើម​លេខ​ ៤៣៦២ (​គ្មាន​គ្រាប់​) និង​អាវុធខ្លី​ ១ ​ដើម​ម៉ាក Pak លេខ ០៨១៦.០០១០៤៨ (​មាន​គ្រាប់ ០៦ ​គ្រាប់​)​។
លោក​បញ្ជាក់​ថា​៖ «​អាវុធ​ទាំងនោះ​គ្មាន​លិខិត​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ​។ នៅពេល​នេះ​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស៊ើបសួរ និង​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​ករណី​នេះ​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ប្រភព​នៃ​កាំភ្លើង​ទាំង​ ២ ​ដើម​នោះ​ថា​គាត់ [​លី វណ្ណៈ​] ​បាន​មកពី​ណា និង​យក​មក​ធ្វើ​អ្វី​ឲ្យ​ពិតប្រាកដ​»៕

Reacties

Populaire posts van deze blog

Dozens More Cambodian Immigrants to Be Deported From U.S., Officials Say

Deze opvallende foto toont hoeveel generaals van de Marine inmiddels hebben gebroken met Donald Trump