រថយន្តបុកគ្នា ស្លាប់អភិបាលរងខេត្តម្នាក់របួសធ្ងន់ ២ នាក់
កំពង់ឆ្នាំងៈ អភិបាលរងខេត្តប៉ៃលិនម្នាក់បានស្លាប់ រីឯអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់របួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នាកាលពីវេលាថ្ងៃត្រង់ម្សិលមិញនៅភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ឈឹម សារុន ប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមត្ថកិច្ចលោកមិនទាន់ដឹងឈ្មោះជនរងគ្រោះទេ ដោយសារបន្ទាន់ពេកគ្រាន់តែដឹងថាមានម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត និង ២ នាក់ទៀតរងរបួសធ្ងន់។
លោកថា៖ «ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះជនរងគ្រោះត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតែម្នាក់បានស្លាប់ រីឯអ្នកផ្សេងរបួសធ្ងន់»។
ប៉ុន្តែបើតាមរបាយការណ៍សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះ ទី ១- ឈ្មោះ ប៉ុក ណាឌី អាយុ ៤៩ ឆ្នាំភេទស្រីជាអភិបាលរងខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ទី ២- ឈ្មោះ សោម មុន្នីរ័ត្ន អាយុ ៥៦ ឆ្នាំភេទស្រី អភិបាលរងខេត្តប៉ៃលិន (ស្លាប់) និងទី ៣- បុរសឈ្មោះ គីន ណាំចូក អាយុ ២៥ ឆ្នាំជាអ្នកបើករថយន្តម៉ាកឡិចស៊ីសជីអេស ៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-8971 (របួសធ្ងន់)។
តាមរបាយការណ៍ដដែលថា មុនកើតហេតុរថយន្តឡិចស៊ីសបានបើកបរទិសដៅពីខេត្តមកភ្នំពេញ។ លុះដល់កន្លែងកើតហេតុក៏បានរេចង្កូតទៅបុករថយន្ត ១ គ្រឿងម៉ាកសាំងយ៉ុងរួចក៏បន្តទៅបុករថយន្តហ៊ីយ៉ាន់ដាយ ១ គ្រឿងទៀត។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការស្រុករលាប្អៀរបានឲ្យដឹងថា រថយន្តទាំង ៣ គ្រឿងត្រូវបានសមត្ថកិច្ចរបស់លោកស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀររង់ចាំភាគីទាំងអស់មកដោះស្រាយតាមច្បាប់៕
Reacties
Een reactie posten