មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងនៃកម្ពុជា ទទួលវិញ្ញាបនបត្រ ISO ពីបារាំង
ភ្នំពេញៈ មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងគេនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានវិញ្ញាបនបត្រ «NFEN ISO 15189: 2012» ពីប្រទេសបារាំង នាខែធ្នូនេះបន្ទាប់ពីស្ថាប័ននេះបានចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវគុណភាពដែលស្របតាមតម្រូវការស្តង់ដារអន្តរជាតិ។
កញ្ញា ចេង សុខលាភ អនុប្រធានមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានចាប់គម្រោងចំពោះការធ្វើការងារដើម្បីឈានទៅទទួលបានស្ដង់ដារអន្ដរជាតិនេះតាំងពីឆ្នាំ ២០១២ ដោយបានចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវគុណភាពដែលស្របតាមតម្រូវការនៃស្តង់ដារអន្តរជាតិ NFEN ISO 15189: 2012 ដែលចាំបាច់សម្រាប់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រនានានៅប្រទេសបារាំង។
កញ្ញាបន្ដថាមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្របានអនុវត្តគោលការណ៍ធានាគុណភាពមួយនៅក្នុងបរិបទនៃបេសកកម្មការវាយតម្លៃរោគវិនិច្ឆ័យ និងជំនួយព្យាបាលដោយធានាឲ្យបាននូវគុណភាពនៃការធ្វើតេស្តវិភាគ និងផ្ដល់លទ្ធផលដែលអាចជឿទុកចិត្ដបាននិងត្រឹមត្រូវបំផុត។
កញ្ញា សុខលាភ បន្ថែមថា៖ «មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្ររបស់យើង បានផ្តល់ជូនលទ្ធផលទាន់ពេលវេលា ជាពិសេសនៅក្នុងករណីបន្ទាន់។ ផ្តល់ជូននូវដំបូន្មានញឹកញាប់តាមតម្រូវការ និងគ្រប់ពេលវេលា»។
មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្របានសម្រេចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រកម្រិតស្តង់ដារ ISO 15189:2012 ទៅគណៈកម្មាធិការវាយតម្លៃទទួលស្គាល់គុណភាពរបស់ប្រទេសបារាំង (COfrac) នៅក្នុងខែធ្នូ ឆ្នាំ ២០១៧។
កញ្ញា សុខលាភ បញ្ជាក់ថា៖ «បន្ទាប់ពីការធ្វើសវនកម្មមួយនៅក្នុងខែឧសភា ឆ្នាំ ២០១៨ គណៈកម្មាធិការវាយតម្លៃទទួលស្គាល់គុណភាពរបស់ប្រទេសបារាំងបានសន្និដ្ឋានថាមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រយើងបានបំពេញគ្រប់លក្ខខណ្ឌស្របតាមតម្រូវការ ស្តង់ដារហើយបានសម្រេចផ្ដល់នូវការទទួលស្គាល់គុណភាពលើវិសាលភាពជាក់លាក់នៃគ្លីនិកជីវសាស្ត្រ ដូចជាជីវគីមី លោហិតសាស្ត្រ សេរ៉ូមសាស្ត្ររកជំងឺឆ្លង បាក់តេរីសាស្ត្រ និងការធ្វើរោគវិនិច្ឆ័យរកមេរោគរបេងជាមួយ GenXpert»។
កញ្ញាបន្ថែមថាការទទួលស្គាល់គុណភាពស្របតាមបទដ្ឋានអន្ដរជាតិ ISO 15189 បានបង្ហាញពីសមត្ថភាពបច្ចេកទេសនៃមន្ទីរពិសោធន៍ និងប្រតិបត្តិការត្រឹមត្រូវមួយនៅក្នុងមន្ទីរពិសោធន៍មួយនេះក្រោមប្រព័ន្ធគ្រប់គ្រងមួយដ៏សមស្រប។
កញ្ញាអះអាងថា៖ «មន្ទីរពិសោធន៍ដំបូងគេបង្អស់នៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រនេះគឺជាភ័ស្តុតាងច្បាស់លាស់ដែលបញ្ជាក់ពីគោលការណ៍ធានាគុណភាពរបស់យើងនោះគឺដើម្បីបង្កើនអត្ថប្រយោជន៍ជាអចិន្រៃ្តយ៍ដល់អតិថិជន និងគ្រូពេទ្យក្នុងការចេញវេជ្ជបញ្ជាឲ្យរឹតតែមានភាពជឿជាក់ និងទំនុកចិត្ដ»។
គួរបញ្ជាក់ថាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺជាគ្រឹះស្ថានមិនរកប្រាក់ចំណេញនៅកម្ពុជាដែលបង្កើតឡើងនៅឆ្នាំ ១៩៥៣ ដើម្បីចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យ ការស្រាវជ្រាវ និងការការពារជំងឺឆ្លង៕
Reacties
Een reactie posten