ជនជាប់ចោទពីបទប្លន់ ២ នាក់បានស្នើសុំសាលាឧទ្ធរណ៍បន្ធូរបន្ថយទោស
ភ្នំពេញៈ ជនជាប់ចោទ ២ នាក់ក្នុងចំណោម ៤ នាក់កាលពីម្សិលមិញបានសុំចៅក្រមសាលាឧទ្ធរណ៍បន្ថយទោសដល់ពួកគេពាក់ព័ន្ធបទល្មើសប្លន់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ ដែលក្រុមជនជាប់ចោទទាំង ៤ នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់គុកម្នាក់ ១០ ឆ្នាំ។
លោកចៅក្រម យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុនៅចំពោះមុខជនជាប់ចោទ ២ នាក់ថាកាលពីថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១០ មានជន ១ ក្រុមទី ១- ឈ្មោះ ជា សុខណាក់ អាយុ ២៧ ឆ្នាំជាអតីតមន្ត្រីអាវុធហត្ថចល័ត និងទី ២- ឡេង ប៊ុនថង ហៅ ត្រង់ភេទប្រុស អាយុ ២០ ឆ្នាំ,ទី ៣- ស៊ុន វណ្ណា ភេទ ប្រុសអាយុ ៥២ ឆ្នាំ និង ខាំ ថុន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ។
បើតាមលោកចៅក្រមនៅមុនថ្ងៃកើតហេតុក្រុមជនជាប់ចោទបានលាក់កាំភ្លើងអាកាស្វាយបត់ចំនួន ២ ដើមក្នុងការុងដាក់លើរទេះអេតចាយ ហើយយកទៅលាក់នៅព្រៃរបោះមួយក្បែរផ្ទះជនរងគ្រោះ។ លុះដល់យប់ថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ ២០១០ ក្រុមជនជាប់ចោទបានឡើងផ្ទះប្លន់គ្រួសារមួយនៅក្នុងភូមិ-សង្កាត់ខាងលើ ។ ក្នុងពេលធ្វើសកម្មភាពនោះក្រុមជនជាប់ចោទបានប្រើកាំភ្លើងអាកាភ្ជង់ប្លន់ជនរងគ្រោះជាម្ចាស់ផ្ទះ ហើយបានគេចខ្លួនបាត់ ។ លុះប៉ុន្មានថ្ងៃក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់បានឈ្មោះ ជា សុខណាក់ និង ឈ្មោះ ឡេង ប៊ុនថង ។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីបើកសវនាការកំបាំងមុខជនជាប់ចោទ(ខាំ ថុន និង ស៊ុន វណ្ណា និងប្រកាសសាលក្រមអំឡុងដើមឆ្នាំ ២០១២ ផ្ទន្ទាទោសម្នាក់ៗឲ្យជាប់គុក ១០ ឆ្នាំក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកជនជាប់ចោទ ស៊ុន វណ្ណា និង ខាំ ថុន ក្រោយពីគេចខ្លួនបាន ៧ ឆ្នាំសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយបញ្ជូនពួកគេទៅពន្ធនាគារព្រៃស ។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញជនជាប់ចោទ ខាំ ថុន ឆ្លើយថាពេលនោះគាត់ត្រូវគេឲ្យកាន់កាំភ្លើងអាការ ឈរយាមនៅក្រោមផ្ទះ ប៉ុន្តែគាត់មិនចេះបាញ់កាំភ្លើងទេ ឯ ស៊ុន វណ្ណា បានឡើងទៅលើផ្ទះជាមួយ ឡេង ប៊ុនថង និងឈ្មោះ ជា សុខណាក់ ។
ទាំង ខាំថុន និង ស៊ុន វណ្ណា បានឆ្លើយប្រាប់ចៅក្រមថា៖ «ពួកខ្ញុំមិនដឹងថា បក្ខពួកខ្ញុំប្លន់បានលុយប៉ុន្មានទេ តែគេឲ្យពួកខ្ញុំម្នាក់ ៥០ ម៉ឺនរៀល ។ ពេលនេះពួកខ្ញុំដឹងខុសហើយ សូមតុលាការជួយបន្ថយទោសដល់ពួកខ្ញុំផង » ។
លោកព្រះរាជអាជ្ញា ជុំ សែនសទ្ធា តំណាងមហាអយ្យការសន្និដ្ឋានថាឆ្លងតាមការសិក្សាលើសំណុំរឿង និងការឆ្លើយសារភាពរបស់ជនជាប់ចោទទាំង ២ នាក់បង្ហាញថាក្រុមជនជាប់ចោទពិតជាបានធ្វើសកម្មភាពប្លន់ផ្ទះជនរងគ្រោះមែន។ «ខ្ញុំសូមតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីទុកជាបានការដដែល» ។
លោក ស្រី ជាតិ សុខា ជាមេធាវីការពារសិទ្ធិឲ្យឈ្មោះ ខាំ ថុន និងលោក នាង ហៃ ជាមេធាវីការពារសិទ្ធិឲ្យ ស៊ុន វណ្ណា បានសន្និដ្ឋានដូចគ្នាថា កូនក្តីរបស់ពួកគាត់ពិតជាបានចូលរួមធ្វើសកម្មភាពប្លន់មែនតែពេលនោះពួកគាត់ស្រវឹងស្រាភ្លេចភ្លាំងការចងចាំ ហើយក៏ចេះតែទៅតាមគេទៅ ។ « សូមតុលាការបន្ថយទោសក្នុងកម្រិតទាបបំផុតដល់ពួកគាត់ផង»។
ក្រោយជំនុំជម្រះប្រមាណជាកន្លះម៉ោងលោក ចៅក្រម យុន ណារ៉ុង បានថ្លែងប្រាប់ក្នុងអង្គសវនាការថា សាលដីកានៃសំណុំរឿងអំពើប្លន់នេះនឹងត្រូវប្រកាសនៅថ្ងៃទី ៩ ខែមករា ខាងមុខ៕
Reacties
Een reactie posten