អាជ្ញាធរស្វាយរៀង ប្រកាសរៀបចំសណ្តាប់ធ្នាប់ឲ្យហើយ នាចុងខែនេះ
ស្វាយរៀងៈ រដ្ឋបាលក្រុងស្វាយរៀងគ្រោងនឹងចុះរុះរើយកសម្ភារ ឬឧបករណ៍របស់អាជីវករ និងប្រជាពលរដ្ឋដែលដាក់តាំងលក់ទំនិញគ្រប់ប្រភេទរំលោភលើចំណីផ្លូវសាធារណៈ បន្ទាប់ពីបានជូនដំណឹងអំពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ចំណតរថយន្ត ទីប្រជុំជន និងផ្សារវាលយន្តក្នុងក្រុងឲ្យរួចរាល់ត្រឹមថ្ងៃទី ៣១ ខែធ្នូនេះ។ នេះបើតាមមន្ត្រីសាលាក្រុងស្វាយរៀងថ្លែងកាលពីម្សិលមិញ។
លោក សឹម វណ្ណេ នាយករដ្ឋបាលសាលាក្រុងស្វាយរៀងបានបញ្ជាក់ថាតាមការសង្កេតឃើញជាក់ស្ដែងបច្ចុប្បន្ននេះមានប្រជាពលរដ្ឋ និងអាជីវករមួយចំនួនតូចមិនបានយកចិត្តទុកដាក់ក្នុងការចូលរួមធ្វើអនាម័យ ការរៀបចំសណ្ដាប់ធ្នាប់ ការដាក់តាំងស្លាកយីហោផ្សេងៗ និងការដាក់តាំងលក់ទំនិញលើចិញ្ចើមផ្លូវដែលនាំឲ្យបាត់បង់សោភណភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងក្រុង។ ករណីនេះអាជ្ញាធរនឹងចុះរុះរើ និងរៀបចំសណ្ដាប់ធ្នាប់ដោយផ្ទាល់។
លោកបញ្ជាក់ថា៖ «ឥឡូវនេះយើងបានចេញលិខិតណែនាំពួកគាត់សិន តែកន្លងមកយើងក៏បានណែនាំច្រើនមកដែរ ប៉ុន្ដែប្រាប់បានតែ ១ ថ្ងៃ ឬ ២ ថ្ងៃយកទំនិញមកដាក់វិញដដែល។ អ៊ីចឹងសេចក្ដីណែនាំលើកនេះគឺនឹងមានអាជ្ញាធរចុះទៅរុះរើផ្ទាល់តែម្ដង ហើយរឿងបែកបាក់ បាត់របស់របរហ្នឹង គឺយើងមិនទទួលខុសត្រូវទេ»។
លោក យូ វណ្ណា អាយុ ៣២ ឆ្នាំម្ចាស់ហាងលក់ទូរស័ព្ទ និងភេសជ្ជៈគ្រប់មុខនៅក្រុងស្វាយរៀងបានលើកឡើងថាលោកបានឃើញសេចក្ដីប្រកាសនេះ ហើយគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ព្រោះសណ្ដាប់ធ្នាប់នៅក្រុងស្វាយរៀងមានលក្ខណៈរញ៉េរញ៉ៃ និងមានការកកស្ទះចរាចរណ៍ដោយសារអ្នកលក់ដូរលើចិញ្ចើមផ្លូវ។
លោកបន្តថាកន្លងមកក៏ធ្លាប់មានការណែនាំពីសណ្ដាប់ធ្នាប់ដែរ ប៉ុន្ដែមិនសូវមានអ្នកយកចិត្តទុកដាក់ទេ «អ្នកលក់ដូរនៅក្នុងក្រុងមិនសូវគិតពីអ្នកដំណើរផ្សេងៗទៀត ឃើញកន្លែងណាមានមនុស្សច្រើន លើកអីវ៉ាន់ទៅលក់លើផ្លូវហ្នឹងតែម្ដង ហើយអ្នកធ្វើដំណើរស្ទះផ្លូវយ៉ាងណាក៏ស្ទះទៅ គាត់មិនខ្វល់»។
តាមលិខិតជូនដំណឹងដែលចុះហត្ថលេខានៅថ្ងៃទី ១១ ធ្នូ ដោយលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញ បង្ហាញថា៖ «នៅតាមផ្ទះល្វែងជុំវិញផ្សារវាលយន្ត និងនៅតាមផ្ទះជុំវិញចំណតរថយន្តទាំងសងខាងផ្លូវត្រូវដាក់តាំងទំនិញសម្ភារលក់ដូរ ស្លាកយីហោផ្សេងៗ របាំងផ្សេងៗឲ្យនៅក្រោយលូទឹកមុខផ្ទះជាបណ្ដោះអាសន្ន។
លិខិតបន្តថាតូបនៅជុំវិញផ្សារវាលយន្តត្រូវដាក់តាំងទំនិញគ្រប់ប្រភេទត្រឹមចុងដំបូលសំយាបតូបរបស់ខ្លួនដែលមានស្រាប់ជាបណ្ដោះអាសន្ន។ ហាមដាក់ឆត្រ គ្រែ តុ លើផ្លូវកៅស៊ូជុំវិញផ្សារហាមសាងសង់សំណង់គ្រប់ប្រភេទនៅលើដីចំណីផ្លូវ និងហាមធ្វើជញ្ជាំងឃ្លុប ឬមានដាក់ទ្វាររូតលើចិញ្ចើមផ្លូវ។ លិខិតបានបញ្ជាក់ថាក្នុងករណីដែលប្រជាពលរដ្ឋ និងអាជីវករទាំងអស់មិនអនុវត្តតាមខ្លឹមសារណែនាំនេះសមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការរុះរើយកសម្ភារ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់អ្វីឡើយ៕
Reacties
Een reactie posten