អ្នកនាំពាក្យថាលោក សមរង្ស៊ី កំពុងវង្វេងដែលមិនស្គាល់មន្ត្រីបក្សច្បាស់
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ពីសកម្មភាពរបស់លោក សម រង្ស៊ី ថាកំពុងស្ថិតក្នុងស្ថានភាព «វង្វេង» ខណៈប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះមិនស្គាល់ច្បាស់ពីអតីតមន្ត្រីរបស់ខ្លួន ដោយហ៊ានអះអាងជំនួសថា «៩៩ ភាគរយ» នៃអតីតមន្ត្រីជាន់ខ្ពស់ដែលកំពុងជាប់បម្រាមធ្វើនយោបាយបាន «ប្ដេជ្ញាមិនសុំសិទ្ធិធ្វើនយោបាយវិញ»។
បច្ចុប្បន្នមានអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ១១៨ នាក់ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឲ្យធ្វើនយោបាយ ៥ ឆ្នាំជាមួយនឹងការរំលាយគណបក្សចោលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោយលោក កឹម សុខា ជាអតីតប្រធានគណបក្សត្រូវបានចាប់ខ្លួនលើសំណុំរឿង «ក្បត់ជាតិ»។ ប៉ុន្តែបន្ទាប់ពីមាត្រា ៤៥ ថ្មី (ស្ទួន) នៃវិសោធនកម្មច្បាប់គណបក្សនយោបាយចូលជាធរមាន មន្ត្រីទាំងនោះអាចនឹងមានសិទ្ធិធ្វើនយោបាយឡើងវិញតាមការស្នើសុំទៅនាយករដ្ឋមន្ត្រីតាមសេចក្ដីស្នើពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំព្រះរាជទានទោសពីព្រះមហាក្សត្រ។
បើទោះជាវិសោធនកម្មត្រង់មាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់នេះនៅមិនទាន់ចូលជាធរមានក្ដី ក៏លោក សម រង្ស៊ី ដែលទើបត្រូវបានតែងតាំងនៅអាមេរិកជា «ប្រធានស្ដី» អតីតបក្សប្រឆាំងដោយមានអ្នកនិយមលោក កឹម សុខា ថាជា «បក្សប្រហារ» បានបង្ហាញជំនឿចិត្តថា ៩៩ ភាគរយនៃមន្ត្រីជាប់បម្រាមនឹងមិនធ្វើសំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។
បច្ចុប្បន្នសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះកំពុងស្ថិតក្នុងដៃគណៈកម្មការជំនាញនៃព្រឹទ្ធសភា។
ប៉ុន្តែព្រឹទ្ធសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃទី ២៤ ខែធ្នូ ខាងមុខដើម្បីពិភាក្សាកំណត់ថ្ងៃប្រជុំពេញអង្គពិភាក្សា និងអនុម័ត បន្ទាប់ពីច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តដោយសំឡេងឯកច្ឆន្ទកាលពីសប្ដាហ៍មុន។
ផ្នែកមួយនៃវិសោធនកម្មច្បាប់មាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់នេះបានចែងថា៖ «បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រីតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការកាលពីម្សិលមិញលោក សម រង្ស៊ី បានបង្ហាញជំនឿថា អតីតមន្ត្រីអតីតគណបក្សប្រឆាំងច្រើនលើសលប់នឹងមិនធ្វើសំណើទៅលោកនាយករដ្ឋមន្ត្រីទេ។
លោកសរសេរថា៖ «ខ្ញុំ សម រង្ស៊ី សូមកោតសរសើរមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៩៩ ភាគយលើ ១១៨ នាក់ដែលបានប្តេជ្ញាចិត្តមិនទៅសុំសិទ្ធិធ្វើនយោបាយវិញ...ការទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើមន្ត្រីគណបក្សប្រឆាំងទាំងអស់នោះគឺជាការទាមទារមួយរបស់សហភាពអឺរ៉ុប»។
យ៉ាងណាក្ដីលោក ផៃ ស៊ីផាន បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ថាកំពុងតែ «វង្វេង» មិនស្គាល់ច្បាស់ពីមន្ត្រីទាំង ១១៨ នាក់របស់ខ្លួន។ ប៉ុន្តែលោកថាការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញឬអត់ គឺជារឿងផ្ទៃក្នុងរបស់អតីតគណបក្សប្រឆាំងដោយលោកមិនចង់លូកលាន់អ្វីទេ។
លោកបានថ្លែងថា៖ «គាត់កំពុងតែវង្វេង មិនស្គាល់ស្ថានភាពអ្វីទៅដែលជាអតីតសមាជិករបស់គាត់ច្បាស់។
ពីព្រោះរាល់ថ្ងៃសូម្បីតែ សម រង្ស៊ី ក៏បានរំលោភរួចជាស្រេចទៅហើយនូវមូលដ្ឋានគ្រឹះនៃបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ យើងឃើញមានសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនក៏មិនពេញចិត្តនឹងគាត់ដែរ»។
លោកថាវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះគឺជាការធ្វើវិសោធនកម្មផ្តល់អំណាចដល់នាយករដ្ឋមន្ត្រីក្នុងការវិនិច្ឆ័យលើដែនសមត្ថកិច្ចរបស់ខ្លួនថា តើគួរធ្វើសំណើទូលថ្វាយព្រះមហាក្សត្រដើម្បីសុំព្រះរាជទានលើកលែងទោសឬយ៉ាងណា? លោកបានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូបនឹងទទួលបានសិទ្ធិធ្វើនយោបាយវិញដោយមិនចាំបាច់សុំសិទ្ធិពីលោកនាយករដ្ឋមន្ត្រី។
លោកសង្កត់ធ្ងន់ថា៖ «ឈរនៅលើមូលដ្ឋាននៃការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីផលប្រយោជន៍របស់អ្នកធ្វើនយោបាយបច្ចុប្បន្ន និងអនាគតកាលផង។ មិនមានរឿងបរទេសមកគាបសង្កត់កម្ពុជាបានទេ»។
បើទោះបីមន្ត្រីភាគច្រើនក្នុងចំណោមមន្ត្រី ១១៨ នាក់មិនទាន់បានបង្ហាញជំហរច្បាស់ក្ដី ប៉ុន្តែលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតបក្សប្រឆាំងបានប្រកាសជាសាធារណៈថា លោកនឹងធ្វើសំណើដើម្បីសុំធ្វើនយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ចូលជាធរមាន៕
Reacties
Een reactie posten