លោក ជា សុផារ៉ា ត្រូវតែងតាំងជាប្រធានអាជ្ញាធរជាតិដោះស្រាយរឿងដីធ្លី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងសមាសភាពថ្មី ១ ក្រុមទៀតនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធានដែលអមដោយទេសរដ្ឋមន្ត្រីជាអនុប្រធាន ១ រូប និងសមាជិក ១៩ រូប។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨។
តាមអនុក្រឹត្យ ចែងថាសមាសភាពថ្មីនៃអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនេះ មានលោកទេសរដ្ឋមន្ត្រី ឃុន ហាំង ជាអនុប្រធានប្រចាំការ និងមានសមាជិកចំនួន ២០ រូបផ្សេងទៀតដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១៨ រូបរួមទាំងអភិបាលរាជធានី-ខេត្តក៏ជាសមាជិកនៃអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះដែរ។
ក្រៅពីសមាសភាពថ្នាក់ដឹកនាំខាងលើរាជរដ្ឋាភិបាលក៏បានតែងតាំងសមាសភាពចំនួន ២៥ រូបផ្សេងទៀតជាអគ្គលេខាធិការ អគ្គលេខាធិការរង និងជាសមាជិកនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះផងដែរ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៦ នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានបង្ហាញថាអាជ្ញាធរជាតិនេះបង្កើតឡើងដើម្បីដោះស្រាយទំនាស់ដីធ្លី កាត់បន្ថយអតិបរមា និងឈានទៅលុបបំបាត់ចោលទាំងស្រុងនូវបញ្ហាជម្លោះដីធ្លីនៅកម្ពុជា។
មាត្រា ៣ នៃព្រះរាជក្រឹត្យនេះបានកំណត់អំពីតួនាទី សិទ្ធិអំណាចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីនេះដោយមានបេសកកម្មទប់ស្កាត់ និងកាត់បន្ថយទំនាស់ដីធ្លី តាមរយៈការអប់រំ ផ្សព្វផ្សាយឲ្យសាធារណជនយល់ដឹងអំពីផលវិបាកបណ្តាលមកពីទំនាស់ដីធ្លី និងមានវិធានការដាក់វិន័យចំពោះជនល្មើសដែលបានរំលោភបំពានលើបញ្ហាដីធ្លីដោយខុសច្បាប់ជាធរមាន។
មាត្រា ៣ នៃព្រះរាជក្រឹត្យដដែលនេះបានកំណត់ទៀតថាអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីមានបេសកកម្មទទួលសំណុំរឿងទំនាស់ដីធ្លីដែលហួសពីសមត្ថកិច្ចគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងទទួលពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទំនាស់ដីធ្លី។ ស្វែងយល់ស៊ើបអង្កេត និងដោះស្រាយទំនាស់ដីធ្លី។ ឃ្លាំមើលការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ ធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃការដោះស្រាយទំនាស់ដីធ្លីជូនប្រមុខរាជរដ្ឋាភិបាល។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថាការតែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រោះកត្ដាបញ្ហាដីធ្លីនៅរយៈកាលចុងក្រោយនេះមានការកើតឡើងច្រើន នៅតាមខេត្ដ-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា ពិសេសកត្ដាដីឡើងថ្លៃ។
លោកបន្ដថា៖ «ការតែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះអាចមកពីបញ្ហាជម្លោះដីធ្លីនៅមានការកើតឡើងច្រើន ហើយមួយទៀតគឺបញ្ហាដីធ្លីមានការឡើងថ្លៃនេះដែរ។ ពេលដីធ្លីឡើងថ្លៃ បញ្ហា និងជម្លោះក៏កើតឡើងដូចយើងបានឃើញនាពេលកន្លងមកនេះបញ្ហាជម្លោះដីធ្លីក៏មានការតវ៉ាច្រើនដែរ»។
ទាក់ទងនឹងការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះលោក សាវឿន ថ្លែងថាដោយសារកន្លងមកលោក ជា សុផារ៉ា បានធ្វើការងារដោះស្រាយបញ្ហាជម្លោះដីធ្លីបានជោគជ័យជាច្រើន។
លោកបន្ថែមថា៖ «យើងបានឃើញថាលោករដ្ឋមន្ដ្រីក្រសួងដែនដីគាត់បានដោះស្រាយបញ្ហាដីធ្លីជាច្រើនបានជោគជ័យ និងបានចាត់តាំងមន្ដ្រីចុះទៅអង្កេតចំពោះបញ្ហាដីធ្លីនេះជាបន្ដបន្ទាប់ដែរ។ ដូច្នេះយើងសង្ឃឹមថាឯកឧត្ដមនឹងមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដីធ្លីនេះនៅតាមសហគមន៍ដើម្បីឆាប់បានបញ្ចប់នូវបញ្ហានានាផងដែរបន្ទាប់ពីការតែងតាំងនេះ»។
គួរបញ្ជក់ថាកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតក្រុមការងារចម្រុះមួយផងដែរ ដើម្បីទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងនោះមាននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីជាប្រធាន ព្រមទាំងអមដោយអនុប្រធាន ៣ រូប និងសមាជិកជាង ១០ រូបផ្សេងទៀត៕
Reacties
Een reactie posten